នៅថ្ងៃសុក្រ ០៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពត និងផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទឹកឈូ បានសហការជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បី៖
- ប្រគល់ទទួលថ្នាំការពារ ថ្នាំព្យាបាល ថ្នាំសម្លាប់មេរោគ និងសម្ភារបរិក្ខារបសុពេទ្យសំរាប់ធ្វើការជួយសង្រ្គោះសត្វក្នុងតំបន់រងគ្រោះដោយទឹកជំនន់
- បានប្រគល់ថ្នាំការពារ ថ្នាំព្យាបាល ថ្នាំសម្លាប់មេរោគ និងសម្ភារបរិក្ខារបសុពេទ្យមួយចំនួនដល់តំណាងភ្នាក់ងារសុខភាពសត្វភូមិនៅឃុំចំនួន០២គឺ ឃុំកំពង់គ្រែង និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ដើម្បីយកទៅប្រើប្រាស់ជំហ៊ានដំបូងសំរាប់ធ្វើការការពារ និងទប់ស្កាត់ការផ្ទុះរាលដាលជម្ងឺឆ្លងសត្វនៅតំបន់រងគ្រោះដោយទឹកជំនន់
- សហការគ្នា ក្នុងការចុះទៅពិនិត្យស្ថានភាពទឹកជំនន់ជាក់ស្ដែងនៅតាមតំបន់រងគ្រោះមួយចំនួនដើម្បីមានវិធានការបន្តទៀត
- សហការគ្នា ក្នុងការចុះចែកស្មៅចំណីសត្វសំរាប់ជួយសង្រ្គោះគោនៅតំបន់រងគ្រោះដោយសារទឹកជំនន់។ តាមការពិនិត្យស្ថានភាពជាក់ស្តែង រហូតមកដល់ថ្ងៃនេះ នៅក្នុងតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង ពុំទាន់មានសត្វឈឺនោះទេ ហើយទឹកក៏បានស្រកចុះច្រើនផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម