មាតិកា
ពិធីចែកស្រូវពូជមិនប្រកាន់រដូវ(ពូជសែនក្រអូប) ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ជូនប្រជាកសិករនៅស្រុកចំនួន៣ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ០៥ កញ្ញា ២០១៨
177

នៅព្រឹកថ្ងៃច័ន្ទ ០៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានរៀបចំពិធីចែកស្រូវពូជមិនប្រកាន់រដូវ(ពូជសែនក្រអូប) ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ជូនប្រជាកសិករនៅស្រុកចំនួន៣ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង គឺស្រុកដងទង់ ស្រុកកំពង់ត្រាច និងស្រុកទឹកឈូ ដែលមានផ្ទៃដីខូចខាតសរុប ១៦០ហ.ត ស្មើនឹង ៦១៩គ្រួសារ ដែលបានប្រារព្ធឡើងនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ នៅក្នុងឱកាសនោះដែរលោកប្រធានមន្ទីរបានមានប្រសាសន៍ថា គោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករ។ អនុលោមតាមគោលនយោបាយនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានទិសដៅរបស់ខ្លួនគឺ រួមចំណែកដោះស្រាយបញ្ហាទាំងនេះ មានជាអាទិ៍ ចូលរួមការផ្សព្វផ្សាយបច្ចេកទេសថ្មីៗសមស្របដល់កសិករ ការជួយឧបត្ថម្ភផ្នែកសម្ភារៈ និងស្មារតី ការជួយរកទីផ្សារសម្រាប់លក់ផលិតផលរបស់គាត់។ល។និង។ល។ ជាក់ស្តែងក្នុងពេលនេះកសិករបានរងគ្រោះដោយជំនន់ទឹកភ្លៀង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ជាសេនាធិការបានយកស្រូវពូជមិនប្រកាន់រដូវ(ពូជសែនក្រអូប) ចែកជូនបងប្អូនប្រជាកសិករសម្រាប់ស្តារ និងជួសជុលការខូចខាតឡើងវិញ។ ជាចុងបញ្ចប់លោកបានបញ្ជាក់បន្ថែមថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត នឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាកសិករជាបន្តទៀត នឹងសំណូមពរឲ្យបងប្អូនប្រជាកសិករបើមានបញ្ហាទាក់ទងនិងវិស័យកសិកម្មសូមធ្វើការទំទាក់ទំនងមកកាន់ការិយាល័យកសិកម្មក្រុងស្រុកសាមីរបស់ខ្លួន ឬក៏អាចធ្វើការទំនាក់ទំនងមកមន្ទីរផ្ទាល់តែម្តងក៏បានទៅតាមភាពចាំបាច់និងជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter