មាតិកា
សិក្ខាសាលា "ស្តីពីការផ្សព្វផ្សាយទស្សនាទាននៃការកែលម្អគុណភាពសេវាសាធារណៈ និងការដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទផ្តល់ព័ត៌មានសេវាសាធារណៈ និងគេហទំព័រច្រកទ្វារអេឡិចត្រូនិចផ្តល់ព័ត៌មានសេវាសាធារណៈ"
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០១៨
243

នៅថ្ងៃច័ន្ទ-អង្គារ ០៤-០៥កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី ស៊ុន លក្ខិណា មន្ត្រីការិយាល័យផែនការគណនេយ្យ បានចូលរួមសិក្ខាសាលា "ស្តីពីការផ្សព្វផ្សាយទស្សនាទាននៃការកែលម្អគុណភាពសេវាសាធារណៈ និងការដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទផ្តល់ព័ត៌មានសេវាសាធារណៈ និងគេហទំព័រច្រកទ្វារអេឡិចត្រូនិចផ្តល់ព័ត៌មានសេវាសាធារណៈ" ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សូបិន អភិបាលរងខេត្តកំពត និង ឯកឧត្តម ឆាយ ឆត្រាវុធ អគ្គលេខាធិការរងក្រសួងមុខងារសាធារណៈ។ កម្មវិធីសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីខាង មន្ទីរ អង្គភាព និងអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធជុំវិញខេត្តរួមមាន ខេត្តកំពត ក្រុងព្រះសីហនុ និងខេត្តតាកែវ។ សិក្ខាសាលានេះ បានឆ្លុះបញ្ចាំងពីដំណើរការ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស។ ជាមួយគ្នានេះផងដែរ ក៏មានការជជែកវែកញែក ស្វែងរកចំនុចខ្វះខាត និងបញ្ហានានា ដែលកើតមានឡើងកន្លងមក ដើម្បីជាទុនក្នុងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការកែលម្អ ក្នុងការផ្តល់សេវាសាធរណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ទាន់ពេលវេលា មានតម្លាភាព និងផ្តល់នូវភាពងាយស្រួលដល់ពួកគាត់។ តាមរយ:កម្មវិធីសិក្ខាសាលានេះ ខាងក្រសួងមុខងារសាធារណៈ បានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ ទាក់ទងទៅនឹងការទាញយកកម្មវិធី" Cambodia Public Service " នៅក្នុង App Store សម្រាប់ទូរស័ព្ទ Iphone និង Play Store សម្រាប់ទូរស័ព្ទ Android ដោយមិនគិតកម្រៃសេវា។ សម្រាប់កម្មវិធីនេះ ប្រជាពលរដ្ឋគ្រប់រូប អាចដឹងពីការធ្វើសេវាសាធារណៈផ្សេងៗពីខាងក្រសួង-មន្ទីរ អង្គភាព ឬការិយាល័យដែលផ្តល់សេវាសាធារណៈ ដែលពួកគាត់ចង់បាន រួមមាន៖ តម្លៃនៃសេវា រយ:ពេលនៃការផ្តល់សេវា ឯកសារពាក់ព័ន្ធដែលតម្រូវឲ្យមានលេខទំនាក់ទំនងរបស់ក្រសួង-មន្ទីរ អង្គភាព ការិយាល័យទាំង២៥រាជធានី ខេត្ត ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ ក្នុងការចង់ដឹងព័ត៌មានបន្ថែម ពីសេវាសាធារណៈទាំងនោះ។ នេះសបញ្ជាក់ឲ្យឃើញពីភាពជឿនលឿននៃប្រទេសកម្ពុជា ក្នុងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា មិនថាតែក្នុងស្ថាប័នរដ្ឋ ឬឯកជន៕

ចំនួនអ្នកចូលទស្សនា
Flag Counter