មាតិកា
ពីធីចែកស្រូវពូជចំនួន១០០តោន ជូនប្រជាកសិករចំនួន ១.០០០គ្រួសារ ស្ថិតក្នុងស្រុកបន្ទាយមាសដែលរងការខូចខាតស្រូវវស្សាដោយសារគ្រោះទឹកជំនន់
ចេញ​ផ្សាយ ០២ ធ្នូ ២០១៨
361

នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨
   លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងសហការី បានរៀបចំពិធីចែកស្រូវពូជចំនួន១០០តោន ជូនប្រជាកសិករចំនួន ១.០០០គ្រួសារ ស្ថិតក្នុងឃុំចំនួនប្រាំគឺ ឃុំព្រៃទន្លេ ឃុំត្នោតចុងស្រង់ ឃុំស្តេចគង់ខាងជើង ឃុំស្តេចគង់ខាងត្បូង ឃុំស្តេចគង់ខាងលិច ក្នុងស្រុកបន្ទាយមាសដែលរងការខូចខាតស្រូវវស្សាដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក។
   ពិធីនេះប្រារព្ធឡើងនៅបរិវេណវត្តយសសុវណ្ណអូរជុំព្រៃទន្លេ ស្ថិតក្នុងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃ ជាវ តាយ ដោយមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការចំណុះសាលាខេត្ត គណៈអភិបាលស្រុកបន្ទាយមាស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ មេគូមិ និងប្រជាពលរដ្ឋឃុំព្រៃទន្លេ ឃុំត្នោតចុងស្រង់ ឃុំស្តេចគង់ខាងជើង ឃុំស្តេចគង់ខាងត្បូង និងឃុំស្តេចគង់ខាងលិច។

នៅក្នុងឱកាសនោះដែរលោកប្រធានមន្ទីរបានមានប្រសាសន៍ជម្រាបគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគឺ "ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករ"។ អនុលោមតាមគោលនយោបាយនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានទិសដៅរបស់ខ្លួនគឺ រួមចំណែកដោះស្រាយបញ្ហាទាំងនេះ មានជាអាទិ៍ ចូលរួមការផ្សព្វផ្សាយបច្ចេកទេសថ្មីៗសមស្របដល់កសិករ ការជួយឧបត្ថម្ភផ្នែកបច្ចេកទេស សម្ភារៈ ស្មារតី និងការជួយរកទីផ្សារសម្រាប់លក់ផលិតផលរបស់គាត់។ល។និង។ល។ ជាក់ស្តែងក្នុងពេលនេះកសិករដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតជាសេនាធិការ បាននាំយកស្រូវពូជ ចែកជូនបងប្អូនប្រជាកសិករសម្រាប់ស្តារ និងជួសជុលការខូចខាតឡើងវិញ។
   ចុងបញ្ចប់លោកបានបញ្ជាក់បន្ថែមថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត នឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាកសិករជាបន្តទៀត នឹងសំណូមពរឲ្យបងប្អូនប្រជាកសិករ បើមានបញ្ហាទាក់ទងនិងវិស័យកសិកម្មសូមធ្វើការទំទាក់ទំនងមកកាន់ការិយាល័យកសិកម្មក្រុងស្រុកសាមីរបស់ខ្លួន ឬក៏អាចធ្វើការទំនាក់ទំនងមកមន្ទីរផ្ទាល់តែម្តងក៏បាន ទៅតាមភាពចាំបាច់និងជាក់ស្តែង ដើម្បីមន្ទីរមានវិធានការដោះស្រាយជូនឲ្យបានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter