មាតិកា
ការចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្គារបស់ក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក
ចេញ​ផ្សាយ ០៩ កញ្ញា ២០១៩
301

ពេលព្រឹកថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី រួមមានថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំងពីរ(ព្រៃឈើកំពត និងជលផលកំពត) ការិយាល័យជំនាញក្រោមឱវាទមន្ទីរ បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្គារបស់ក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក ដែលចិញ្ចឹមក្នុងអាងផ្លាស្ទិច ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ដោយពិនិត្យឃើញថាក្រុមហ៊ុនបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ប្រព័ន្ធផលិតកម្មចិញ្ចឹមប្រកបដោយបច្ចេកវិទ្យាខ្ពស់កំពុងដំណើរការទៅដោយយ៉ាងរលូន។
លោក សុប សារាប៊ុទ្ទី ប្រធានបច្ចេកទេសរបស់ក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នក្នុងកសិដ្ឋានបានយក បច្ចេកវិទ្យាពីប្រទេសចិនក្នុងការសាងសង់ ការចិញ្ចឹម ផ្តល់ចំណី ការគ្រប់គ្រង ប្រើប្រាស់ទឹក និងសម្អាតទឹក (water treatment)។ ដោយសព្វថ្ងៃកសិដ្ឋានមានអាងចិញ្ចឹមចំនួន ៣៤អាង ចិញ្ចឹមក្នុងរយ: ៣ខែ ទើបគ្រប់ទម្ងង់តាមស្តងដារទីផ្សារពី៣០-៣៥ក្បាលក្នុង ១គ.ក្រ ហើយទទួលបានតម្លៃពី៤០០០រៀល-៥០០០រៀល/គ.ក្រ។ 
គិតមកត្រឹមបច្ចុប្បន្នក្រុមហ៊ុនបានបោះទុនវិនិយោគចំនួនជាង ១លានដុល្លារ ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខានៗសម្រាប់អភិវឌ្ឍកសិដ្ឋាន។ អាជីវកម្មនេះកំពុងស្ថិតក្នុងដំណាក់កាលសាកពិសោធន៍ពូជ ទឹក ចំណី និងលក្ខខណ្ឌចិញ្ចឹម។ល។ 
ដោយពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងបែបនេះ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលរដ្ឋបានជលផលកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមជាចលករក្នុងការជំរុញកំណើរភោគផលចាប់ពីវារីវប្បកម្មដោយធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូល។ ជាងនេះទៅទៀត ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម"។

ចំនួនអ្នកចូលទស្សនា
Flag Counter