មាតិកា
ការចុះពិនិត្យ និងសំណេះសំណាលជាមួយសមាជិកសហគមន៍ត្រពាំងសង្កែ ស្ថិតនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ចេញ​ផ្សាយ ០៩ កញ្ញា ២០១៩
487

ពេលព្រឹកថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី រួមមានថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំងពីរ(ព្រៃឈើកំពត និងជលផលកំពត) ការិយាល័យជំនាញក្រោមឱវាទមន្ទីរ បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ចុះពិនិត្យ និងសំណេះសំណាលជាមួយសមាជិកសហគមន៍ត្រពាំងសង្កែ ស្ថិតនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលមានសមាជិកសហគមន៍ចូលរួមចំនួន៣៣គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តមបានសាកសួរនាំអំពីសុខទុក្ខ សកម្មភាពនៃការផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវ ការងារបង្កបង្កើនផល សកម្មភាពអភិវឌ្ឍសហគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះឆន្ទះរបស់ប្រជាសហគមន៍ក្នុងការការពារ ថែរក្សា អភិវឌ្ឍ អភិរក្សដី និងព្រៃកោងកាងក្នុងតំបន់នេះបានល្អប្រសើរ។ មិនតែប៉ុនណោះ បានខិតខំ ប្រឹងប្រែងអភិវឌ្ឍសហគមន៍ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីថាជាតំបន់ទេសចរណ៍ធម្មជាតិព្រៃកោងកាងដ៏ល្អប្រណិតក្នុងខេត្តកំពត ហើយទាញយកផលពីការអភិវឌ្ឍនេះធ្វើឲ្យជីវភាពមានការប្រែប្រួលជាវិជ្ជមាន តាមរយ:ចំណូលគ្រួសារមានចីរភាព និងនិរន្តរភាព។ ដោយឃើញពីសក្តានុពលព្រៃកោងកាង ឯកឧត្តម បានលើកទឹកចិត្ត និងបន្តគាំទ្ររាល់សកម្មភាពអភិវឌ្ឍ និងអភិរក្សរបស់សហគមន៍ ដើម្បីការពារតំបន់នេះដែលជាសម្បត្តិធម្មជាតិរបស់ជាតិ និងនិរន្តរភាព នៃកំណើនសេដ្ឋកិច្ចសហគមន៍ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ក្រៅពីនេះឯកឧត្តមបានណែនាំឲ្យប្រធានសហគមន៍ និងសមាជិក ខិតខំសិក្សារៀនសូត្របន្ថែមទាក់ទងការងារគ្រប់គ្រង ដឹកនាំសហគមន៍ ទេសចរណ៍ ផ្ទះសំណាក់ និងសេវាកម្មផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអភិវឌ្ឍសហគមន៍នេះឲ្យមានការរីកចម្រើនថែមទៀត។
តាមរយៈការរាយការណ៍ពីលោក សឹម ហីម ប្រធានសហគមន៍នេសាទ បានឲ្យដឹងថាសហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ ២០០៩ ចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០១១ បច្ចុប្បន្នសមាជិក ៧៣៤នាក់ អញ្ជើញមកពី ៥២៧គ្រួសារ មានផ្ទៃដី ៣៣៧ហត គ្របដណ្តប់ទូទាំងឃុំត្រពាំងសង្កែ មាន៣ភូមិ ក្នុងនោះមានផ្ទៃដីព្រៃកោងកាង ៣៧ហត ដាំបន្ថែមបាន ៣ម៉ឺនដើម ហើយក៏មានគម្រោងដាំបន្ថែមទៀតដើម្បីពង្រីកផ្ទៃដីឈើកោងកាងសម្រាប់ ជាប្រយោជន៍ដលប្រជាសហគមន៍នាពេលអនាគត។ លោក ហីម បន្ថែមទៀតថាមុនបង្កើតសហគមន៍ក្នុង១ថ្ងៃចេញទៅនេសាទបានចំណូលត្រឹមតែ ១ម៉ឺនរៀល បច្ចុប្បន្នចំណូលកើនដល់៤-៥ម៉ឺនរៀល។ ដោយឡែកចំពោះសហគមន៍អាចរកចំណូលបាន ៤-៥លានរៀល តាមរយ: ការផ្តល់សេវាម្ហូបអាហារ ផ្ទះសំណាក់ ទូកទេសចរណ៍ និងអាជីវកម្មផ្សេងៗទៀត។ ក្រៅពីចំណូល សហគមន៍បានចូលរួមការពារព្រៃកោងកាង ទប់ស្កាត់ការទន្រ្ទានយកដី និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិ ការពារផលនេសាទ និងជីវចម្រុះគ្រប់ប្រភេទសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយ កាត់ បន្ថយចំណាកស្រុក ក្មួយៗកុមារមានឱកាសចូលរៀនគ្រប់ៗគ្នា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter