មាតិកា
ការចុះពិនិត្យកសិដ្ឋានបន្លែផ្ទះសំណាញ់ ការបូមទឹកដោយប្រើថាមពលព្រះអាទិត្យ ទស្សនាបន្លែរបស់លោក ទេស សារី នៅភូមិព្រៃធំ ឃុំទូកមានខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត
ចេញ​ផ្សាយ ០៨ មេសា ២០២០
253

ថ្ងៃពុធ ០១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងសហការី បានទទួលដំណើរទស្សនកិច្ច របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យកសិដ្ឋានបន្លែផ្ទះសំណាញ់ ការបូមទឹកដោយប្រើថាមពលព្រះអាទិត្យ ទស្សនាបន្លែ (ត្រសក់ ត្រកួន ស្ពៃ ត្រប់ ននោង សណ្តែកគួ ម្ទេស ត្រឡាច ជីគ្រប់មុខ និងល្ពៅ) របស់លោក ទេស សារី នៅភូមិព្រៃធំ ឃុំទូកមានខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលតាមរយ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទាន សម្រាប់អនុវត្តកម្មវិធី ASPIRE ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ឯកឧត្តមបានលើកឡើងថា ជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាពតាមរយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះ ដោយប្រើប្រាស់បច្ចេកទេសទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ បណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។
ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ គឺមានឥទ្ធិពលជាវិជ្ជមាន ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតលើ៖ ទី១៖ការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូច និងទី២៖ ជួយកសិករទាំងនោះ ឲ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងក្លាយជាសហគ្រិនភាពនៅទីជនបទ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបានពេញលេញជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល និងឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងក្នុងទិសដៅចំបង គឺបង្កើនការផលិតក្នុងស្រុក ឱ្យបានគ្រប់គ្រាន់ក្នុងខណ:ដែលយើង បិទការនាំចូលកសិផលពីខាងក្រៅផងដែរ។
 

ចំនួនអ្នកចូលទស្សនា
Flag Counter