មាតិកា
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី ការពិនិត្យលើគោលនយោបាយផ្សព្វផ្សាយកសិកម្មកម្មវិធី ASPIRE
ចេញ​ផ្សាយ ១០ កក្កដា ២០២០
653

ថ្ងៃសុក្រ ០៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ការពិនិត្យលើគោលនយោបាយផ្សព្វផ្សាយកសិកម្ម កម្មវិធី ASPIRE” ក្រោមអធិបតីភាពឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ទីរួមខេត្តកំពត។ ក្នុងឱកាសនោះដែរលោកប្រធានមន្ទីរបានមានប្រសាសន៍ថា គោលនយោបាយផ្សព្វផ្សាយកសិកម្មគឺជាត្រីវិស័យមួយក្នុងការជួយផ្លាស់ប្តូរទម្លាប់ចាស់របស់ប្រជាកសិករពីការដាំដុះបែបបុរាណឆ្ពោះទៅរកការធ្វើប្រពលវប្បកម្មតាមរយៈការអនុវត្តកសិកម្មល្អដើម្បីដើរឲ្យទាន់នូវការវិវត្តនៃបច្ចេកវិទ្យាទំនើបក្នុងបរិបទនៃសាកលភាវូបនីយកម្ម។ ការផ្សព្វផ្សាយកសិកម្មពិតជាដើរតួនាទីសំខាន់ណាស់នៅក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម និងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិករ ចាំបាច់ត្រូវអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយកសិកម្មមួយដែលអាចផ្ទេរ និងចែករំលែកចំណេះដឹង ព័ត៌មាន និងបច្ចេកវិទ្យា ជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិករ ទៅនឹងទីផ្សារនិងតួរអង្គផ្សេងៗនៅក្នុងខ្សែចង្វាក់តម្លៃ ជាពិសេសត្រូវយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់តំបន់ដែលមានប្រជាជនក្រីក្រ និងងាយរងគ្រោះរស់នៅច្រើនជាងគេ ក្រោមចក្ខុវិស័យតភ្ជាប់យ៉ាងស៊ីជម្រៅរវាងតំបន់ជនបទ និងទីប្រជុំជន។ ក្នុងនោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត មានទិសដៅរបស់ខ្លួនគឺរួមចំណែកដោះស្រាយបញ្ហាទាំងនេះមានជាអាទិ៍ ចូលរួមការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម បណ្តុះបណ្តាលបច្ចេកទេសដល់កសិករ ការជួយឧបត្ថម្ភផ្នែកសម្ភារៈ និងស្មារតី ការជួយរកទីផ្សារសម្រាប់លក់ផលិតផលរបស់គាត់។ល។ និង ។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter